តួនាទីស្វាមី ពេលភរិយាមានផ្ទៃពោះ





ស្វាមីល្អ​ត្រូវចេះជួយភរិយាព្រោះថាពេល​ដែលស្រីមានផ្ទៃពោះរាល់កិច្ចការទាំង

ត្រូវមានផ្ទុក​លើស្វាមី។ ខាងក្រោមជាការបង្ហាញចំពោះកាតព្វកិច្ច​ស្វាមី់៖
1. កាតព្វកិច្ច​ស្វាមីពេល​ស្ដ្រីពពោះ ៖ ពេលមាន​ផ្ទៃពោះ ស្ដ្រីជា​ម្ដាយច្រើន​មានអាការ​ប្រែប្រួល​ជាច្រើន ដូចជា​ប្រព័ន្ធ​សរសៃ​ខ្លួនប្រាណ មនោ​សញ្ចេតនា​ទៅជា​ឆាប់ខឹង ព្រួយចិត្ដ​ខុសធម្មតា ជាពិសេស​សម្រាប់​ការមាន​ផ្ទៃពោះ​ជាលើក​ដំបូង។ ហេតុដូច្នេះ ហើយទើប​បុរសជា​ស្វាមី មានតួនាទី​ជាអ្នក​សម្រប​សម្រួល ផ្ដល់​កម្លាំងចិត្ដ និងពង្រឹង​សតិអារម្មណ៍​របស់ភរិយា កុំឱ្យមាន​ការព្រួយ បារម្ភ ឬ​ភ័យខ្លាច​ជាដើម។ ជាពិសេស​ទៅទៀត អាការ​ហេវហត់​អស់កម្លាំង​របស់ភរិយា ត្រូវការ​ការផ្គត់ផ្គង់​បំប៉ន​រាងកាយ​ជាចាំបាច់។ ស្វាមី​ត្រូវរ៉ាប់រង​ភារកិច្ចនេះ ដូចជា​បង្កអារម្មណ៍​ជ្រះថ្លា​ដើម្បីឱ្យ​ភរិយាខំប្រឹង​ក្នុងការ​ទទួលទាន​ អាហារ​បំប៉នទាំងឡាយ ទោះបី​ជានាង ដឹងច្បាស់​ថាពេល​ទទួលទាន​ចូលទៅនឹង​ត្រូវក្អួត​ចេញមកវិញ​ក៏ដោយ។ ការពោល​ពាក្យផ្អែម​ល្ហែមលួង​លោម “អូនខំប្រឹង​ញ៉ាំឱ្យ​បានច្រើន ដើម្បី​កូនរបស់​ពួកយើង​កើតមក​ឆ្លាតមាន​សុខភាពល្អ។ សូមព្យាយាម​រំលឹក​ភរិយា​អំពីពេល​វេលាដែល​ត្រូវទៅពិនិត្យ​ផ្ទៃពោះ ឬក៏ លេបថ្នាំ​តាមវេជ្ជ​បញ្ជា​ជាដើម។ សូមចៀស​វាងកុំ​ឱ្យភរិយា​ធ្វើកិច្ចការ​ធ្ងន់ពេក លើកវត្ថុ​លើសពី​១២គីទ្បូក្រាម ឈោងចាប់​របស់អ្វី​ដែល ខ្ពស់ហួស​ពីដៃ ព្រោះថា​បើស្ដ្រី​ធ្វើការធ្ងន់​ក្នុងពេល​មានផ្ទៃពោះ អាចមាន​ការពិបាក​ពេល​សម្រាល ឬ​ក៏កើត​កូនមិន​គ្រប់ខែ អាចមិន​គ្រប់ គីទ្បូ​ជាដើម។ ប៉ុន្ដែ​មិនត្រូវ​ឱ្យភរិយា​នៅស្ងៀម​រហូតទេ លំហាត់​ប្រាណ និង​ការងារ​ស្រាលៗ​អាចបំបាត់​អាការ​ស្ពឹកស្រពន់ ធ្វើឱ្យស្ដ្រី និង ទារក​ក្នុងផ្ទៃ​មានសុខភាព​ល្អ។ ប្រការ​ពិសេស​ជាងនេះ​ទៅទៀត សូមកុំ​ចម្លងរោគ​ផ្សេងៗ​ឱ្យភរិយា ដូចជា​ជម្ងឺកាមរោគ ស្វាយប្រមេះ ទាមឡា ជម្ងឺអេដស៍​ជាដើម ព្រោះថា​បើឪពុក​មានជម្ងឺ​អាចចម្លង​ទៅឱ្យម្ដាយ ហើយ​ចម្លងបន្ដ​ទៅឱ្យកូន​ក្នុងផ្ទៃ​ជាបន្ដទៀត។ បើ ស្រឡាញ់កូន សូមថែ​រក្សាសុខភាព​ខ្លួនឯង ក៏ដូចជា​សុខភាព​របស់​ភរិយាដែរ។ 

2. កាតព្វកិច្ច​ស្វាមីពេល​សម្រាលកូន ៖ ថ្វីត្បិត ​តែវាមាន​រយៈពេលខ្លី​ក៏ពិតមែន ក៏ប៉ុន្ដែ​វត្ដមាន​របស់បុរស​ជាស្វាមី​នៅក្បែរ​គឺពិតជា​បានរួម​ចំណែក​សំខាន់​ ជាជំនួយ​ឱ្យស្ដ្រីមាន​កម្លាំងក្នុង​ការសម្រាល។ ស្ដ្រីនឹង​គិតថា​ស្វាមី​របស់គាត់​ពិតជា​ស្រឡាញ់ និង​បារម្ភពីគាត់ ខ្លាំង​ណាស់។ សូមធ្វើ​យ៉ាងណា​កុំឱ្យភរិយា​មានអារម្មណ៍​ថាលោកជាប្ដី​ត្រូវការ​នាងដើម្បី​ តែការរួមភេទ​ប៉ុណ្ណោះ។ ស្ដ្រីមួយ​ចំនួនយល់ថា ការស្គាល់​សុខទុក្ខ​ភរិយានៅ​ពេលសម្រាល ជាអ្វីដែល​នាងចង់បាន​បំផុតក្នុង​មួយជីវិត​គូស្រករ។

3. កាតព្វកិច្ច​ស្វាមីក្រោយ​ពេល​សម្រាលកូន ៖ ភរិយា​សរសៃខ្ចី​ធ្វើអ្វី​មិនកើត ស្វាមីដ៏​ល្អត្រូវជួយ​នាងឱ្យ​បានច្រើន គឺត្រូវទទួល​ធ្វើការងារ​សព្វបែប​យ៉ាង​ក្នុងផ្ទះ។ ក្រោយ​ពេល​សម្រាល ស្ដ្រីត្រូវ​ការថ្នមខ្លួន ព្រោះបើ​មិនប្រុង​ប្រយ័ត្ន អាច​បណ្ដាល​ឱ្យជាទាស់​សរសៃ ដែលចាស់ៗ​និយមហៅ​ថារោគ​ទាស់ដែល​មានការ​ពិបាក​ព្យាបាល។ ប៉ុន្ដែ​បច្ចុប្បន្ន​ដោយ​បញ្ហាជីវភាព បុរស​មួយចំនួន ជាពិសេស នៅតាម​ទីក្រុង មិនសូវ​មានពេល​វេលាគ្រប់​គ្រាន់ក្នុង​ការថែ​ទាំថ្នាក់ថ្នម​ភរិយា​ប៉ុន្មានទេ ដោយស្វាមីខ្លះ​ទុកឱ្យ​ភរិយា​នៅជា​មួយសាច់ ញាតិ ដូចជា​ឪពុកម្ដាយ បងប្អូន​ជាដើម។ បើមិន​បានថ្នាក់ថ្នម​ផ្លូវកាយ សូម​ថ្នាក់ថ្នម​ផ្លូវចិត្ដ​របស់​នាងផង។

ដំបូន្មាន​អ្នកជំនាញ

ពេលរៀបការ គឺមានបំណង​ចង់កសាង​គ្រួសារ។ ដូចនេះ​ត្រូវខំ​ពង្រឹង​ស្មារតី​ទៅវិញ​ទៅមក ជួយដោះ​ស្រាយ​បញ្ហារួមគ្នា ពុំ ត្រូវមើល​បំណាំគ្នា​ឡើយ។ ត្រូវយល់​ថាចាប់ពី​ថ្ងៃដែល​លោកអ្នក​រៀបការ​រហូតដល់​វ័យចំណាស់ គឺមានរយៈ​ពេលយូរ​ខ្លាំងណាស់ ហេតុនេះ​លោកអ្នក​ត្រូវខិតខំ​កសាង​អំពើល្អ​រវាងគ្នា​នឹងគ្នា ដើម្បី​បន្សល់​ទុកនូវ​គ្រួសារ​មួយដែល​មានការ​គោរព​ស្រឡាញ់ និង​សុភមង្គល។ សុភមង្គល​អាចកើត​ឡើងបាន​លុះត្រាតែ​មានសេចក្ដី​ស្នេហា​ខ្ជាប់ខ្ជួន ការព្រម​ព្រៀង​យល់ចិត្ដ​ថ្លើមគ្នា និងយល់​អំពីភារកិច្ច​ជាប្ដីជា​ប្រពន្ធ រៀងៗខ្លួន។


ដកស្រង់ពី ៖ ទស្សនាវដ្តី សុខភាពយើង

Share this post
  • Share to Facebook
  • Share to Twitter
  • Share to Google+
  • Share to Stumble Upon
  • Share to Evernote
  • Share to Blogger
  • Share to Email
  • Share to Yahoo Messenger
  • More...

0 comments

 
© Tech2city
Posts RSSComments RSS
Back to top